នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធីលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី០១ រូប បានចូលរួមកិច្ចប្រជុំស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ដោយមានការចូលរួមពីឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងលោក កែ ពន្លក នាយករងរដ្ឋបាល តំណាងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ និងសង្កាត់ នៃរាជធានីភ្នំពេញ, មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ៥០០រូប។
ជារួម អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាននៃរាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងកំពុងសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ។ ឆ្លៀតក្នុងឱកាសនេះ ក៏បានយកនូវប័ណ្ណកម្មសិទ្ធិចំនួន ៦២ជូនអង្គភាពកាន់កាប់ផងដែរ។